ជនភៀសខ្លួនខ្មែរកម្ពុជាក្រោមនៅថៃ កំពុងជួបវិបត្តិសេដ្ឋកិច្ចនៅកម្ពុជា
ជនភៀសខ្លួនខ្មែរក្រោមជាង២រយនាក់ នៅប្រទេសថៃ កំពុងអំពាវនាវរកជំនួយពីសប្បុរសជន និងអន្តរាគមន៍ពីអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ដើម្បីផ្តល់សិទ្ធិជ្រកកោនឲ្យពួកគេ នៅប្រទេសទីបី។ ជនភៀសខ្លួនខ្មែរក្រោមថា ពួកគេកំពុងតែជួបបញ្ហាជីវភាពកាន់តែធ្ងន់ធ្ងរៗទៅ។
ជនភៀសខ្លួនខ្មែរក្រោម ដែលរត់គេចចេញពីការធ្វើទុក្ខបុកម្នេញ និងការតាមចាប់ខ្លួនពីសំណាក់អាជ្ញាធរវៀតណាម និងកម្ពុជា ចំនួន ២៤៥នាក់ កំពុងជាប់ផុងនិងអស់សង្ឃឹមនៅប្រទេសថៃ។ អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) មិនទាន់អាចជួយពួកគេ ឲ្យទៅស្វែងរកទីតាំងមានសុវត្ថិភាពនៅប្រទេសទីបីនៅឡើយ ទោះបីអ្នកខ្លះបានសុំសិទ្ធិជ្រកកោនអស់រយៈជាង ១០ឆ្នាំមកហើយក្តី។ បច្ចុប្បន្ន ពលរដ្ឋខ្មែរក្រោម ១៦០នាក់ ក្នុងចំណោម ២៤៥នាក់ ត្រូវបាន (UNHCR)ផ្តល់ឋានៈជាជនភៀសខ្លួន ប៉ុន្តែខ្មែរក្រោមខ្លះត្រូវគេបដិសេធសំណើជាជនភៀសខ្លួន។
ប្រធាន សមាគមក្រុមជនភៀសខ្លួនខ្មែរកម្ពុជាក្រោមនៅថៃ លោក ឡឹម សំណាង ដែលជាជនភៀសខ្លួនម្នាក់ដែរ ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៣ ខែមេសាថា ជនភៀសខ្លួនខ្មែរក្រោមកំពុងជួបការលំបាកគ្រប់បែបយ៉ាង ក្នុងការរស់នៅប្រទេសថៃ។ លោកថា ទោះបី(UNHCR)ផ្តល់ឋានៈជាជនភៀសខ្លួនដល់ខ្មែរក្រោមខ្លះក៏ដោយ ប៉ុន្តែ ឋានៈជាជនភៀសខ្លួន មិនអាចឲ្យពួកគេស្វែងរកការងារធ្វើដោយស្របច្បាប់បាននោះទេ។ ជនភៀសខ្លួនខ្លះកំពុងជួបវិបត្តិខ្វះខាតម្ហូបអាហារ និងថវិកាសម្រាប់ការរស់នៅ៖ «យើងជាជនភៀសខ្លួន។ យើងគ្មានសិទ្ធិជាការងារពេញលេញនៅថៃទេ។ បើយកប័ណ្ណ(UNHCR) ក៏គេមិនឲ្យធ្វើការងារដែរ។កូវីដវារាលដាលចូលបីឆ្នាំហើយខ្មែរជួបបញ្ហារកចំណូលនិងចំណាយប្រចាំថ្ងៃ»។
លោក ឡឹម សំណាង ជាអតីតព្រះសង្ឃខ្មែរក្រោម ជាគ្រូបង្រៀនអក្សរសាស្រ្តខ្មែរដល់កូនៗខ្មែរក្រោម។ លោកបានរត់ចេញពីស្រុកកំណើតទៅរស់នៅកម្ពុជា ដោយសារតែអាជ្ញាធរវៀតណាម បានតាមចាប់ខ្លួន កាលពីឆ្នាំ២០០៦។ លោក ឡឹម សំណាង កាលពីឆ្នាំ ២០០៧ ក្នុងនាមជាព្រះសង្ឃខ្មែរក្រោមមួយអង្គ បានបន្តចូលរួមធ្វើបាតុកម្មប្រឆាំងវៀតណាម នៅមុខស្ថានទូតវៀតណាមនៅកម្ពុជា រឿងវៀតណាម លុបបំបាត់កម្មវិធីព្រះពុទ្ធសាសនា និងគាបសង្កត់សិទ្ធិប្រតិបត្តិសាសនារបស់ខ្មែរក្រោម ប៉ុន្តែការតវ៉ារបស់ព្រះសង្ឃខ្មែរក្រោម ត្រូវបានអាជ្ញាធរកម្ពុជាបង្ក្រាប និងចាប់ខ្លួនព្រះសង្ឃជាច្រើនអង្គទៀតផង។ អាជ្ញាធរកម្ពុជាក៏តាមចាប់ខ្លួនលោក ឡឹម សំណាង ទើបលោករត់ទៅសុំសិទ្ធិជ្រកកោននៅប្រទេសថៃ ហើយបានសឹករហូតមកទល់សព្វថ្ងៃ។ លោក ឡឹម សំណាងថា ក្នុងរយៈពេលជិតមួយទសវត្សមកនេះ អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) មិនបានផ្តល់សិទ្ធិជ្រកកោននៅប្រទេសទីបីដល់ជនភៀសខ្លូនខ្មែរក្រោមនោះទេ៖ »ខ្ញុំសំណូមពរដល់អង្គការនានានិង (UNHCR) នៅទូទាំងពិភពលោកជាពិសេសនៅថៃជាដើមនិងស្ថានទូតដទៃដូចជាស្ថានទូតអាមេរិក កាណាដា និងហូឡង់ជាដើមសូមសំណូមពរយកជនភៀសខ្លួនចេញផង។ ខ្មែរក្រោមមិនទាន់មានអ្នកណាបានចេញទេ»។
ខ្មែរក្រោមជាច្រើននាក់ បានរត់គេចចេញពីស្រុកកំណើត ដោយសារតែការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាម។ អាជ្ញាធរវៀតណាម បានគាបសង្កត់សិទ្ធិសាសនា សេរីភាពបញ្ចេញមតិ និងសិទ្ធិជនជាតិដើម។ ជនភៀសខ្លួនខ្មែរក្រោមទាំងនោះ ចង់មករស់នៅកម្ពុជាដែរ ប៉ុន្តែត្រូវបានអាជ្ញាធរវៀតណាម សហការនឹងអាជ្ញាធរខ្មែរបន្តធ្វើទុក្ខបុកម្នេញ ទើបពួកគេរត់ទៅសុំសិទ្ធិជ្រកកោននៅប្រទេសទី៣ នៅប្រទេសថៃ។ មកដល់ប្រទេសថៃ ពួកគេកំពុងជួបវិបត្តិសេដ្ឋកិច្ច ដោយសារតែមិនអាចធ្វើការងារស្របច្បាប់ ហើយត្រូវរងការកេងកម្លាំងពលកម្មពីសំណាក់ថៅកែថៃទៀតផង។
ស្រដៀងគ្នានឹងលោក ឡឹម សំណាងដែរ លោក គឹម គីន ជាជនភៀសខ្លួនខ្មែរក្រោម និងជាអតីតទាហាន ដែលបានសហការនឹងទាហានអាមេរិកប្រយុទ្ធប្រឆាំងនឹងទាហានកុម្មុយនីស្ដ ក្នុងសង្គ្រាមវៀតណាម ក៏កំពុងជួបបញ្ហាជីវភាពលំបាកវេទនា និងគ្មានអាហារហូបចុកគ្រប់គ្រាន់ដែរ។ លោក គឹម គីន គ្មានការងារធ្វើអស់ពេលជាង១ឆ្នាំមកហើយ។ សព្វថ្ងៃនេះ លោកទទួលបានជំនួយបន្តិចបន្តួចពីអង្គការ(UNHCR) និងសមាគមខ្មែរក្រោមនៅក្រៅប្រទេស៖ «ជាការទុក្ខលំបាកបំផុតវេទនាបំផុត ពីព្រោះយើងចាស់ហើយមិនអាចចេញទៅពលកម្មខាងក្រៅ ពីព្រោះនៅស្រុកថៃដឹងស្រាប់ហើយតែចាស់ហើយធ្វើអីក៏អត់បានដែរម្ល៉េះហើយការរស់នៅដោយត្បិតត្បៀតក៏ប៉ុន្តែយើងស៊ូទ្រាំ»។
លោក គឹម គីន មានអាយុ៧០ឆ្នាំប្លាយហើយ។ លោកបានចាកចេញពីស្រុក កំណើត នៅខេត្តព្រះត្រពាំងកម្ពុជាក្រោម ក្រោយពេលវៀតណាមដោះលែងលោកចេញពីពន្ធនាគារ បន្ទាប់ពីលោកជាប់ឃុំអស់រយៈពេល៨ឆ្នាំ។ លោកត្រូវវៀតណាមចាប់ដាក់គុកដោយសារតែ លោកជាទាហានសហការនឹងទាហានអាមេរិក វាយទាហានកុម្មុនិស្ដវៀតណាតខាងជើង ក្នុងសម័យសង្គ្រាមវៀតណាម ចាប់ពីឆ្នាំ ១៩៧៤ ដល់១៩៧៦។
លោក គឹម គីនថា ក្រោយពីចេញពីពន្ធនាគារលោកបានរត់ទៅស្នាក់នៅកម្ពុជាមួយរយៈ ប៉ុន្តែលោកព្រួយបារម្ភថា វៀតណាមបន្តតាមចាប់ខ្លួនលោកទៀត ទើបលោករត់ទៅថៃ ដាក់ពាក្យស្នើសុំ (UNHCR) ដើម្បីឱ្យជួយការពារសុវត្ថិភាពលោក និងគ្រួសារ។
ជុំវិញការធ្វើទុក្ខខ្មែរក្រោមនៅវៀតណាមនេះ មន្ត្រីនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ធ្លាប់វិទ្យុអាស៊ីសេរីថា ករណីរំលោភសិទ្ធិមនុស្សលើខ្មែរកម្ពុជាក្រោមនៅវៀតណាម រដ្ឋាភិបាលកម្ពុជាមិនធ្វើអន្តរាគមន៍នោះទេ។ លោកបន្ថែមទៀតថា ខ្មែរក្រោម គ្រាន់តែមានឈាមជ័រជាខ្មែរ ប៉ុន្តែពួកគេមានសញ្ជាតិផ្សេង។ ផ្ទុយពីការលើកឡើងរបស់លោក ផៃ ស៊ីផាន នេះ រដ្ឋធម្មនុញ្ញចែងថា ខ្មែររស់នៅទីណា ក៏ជាខ្មែរដែរ។ ពាក់ព័ន្ធនឹងជនភៀសខ្លួនខ្មែរក្រោមវិញ មន្រ្តីអង្គការ (Human Rights Watch) ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា ប្រទេសមួយចំនួនមិនសូវចាប់អារម្មណ៍នឹងជនភៀសខ្លួនខ្មែរក្រោមនោះទេ។ ទោះបីជាយ៉ាងក៏មានប្រទេសតែមួយចំនួន បានពិចារណាផ្ដល់សិទ្ធិជ្រកកោនដល់ជនភៀសខ្លួនខ្មែរក្រោម។ ការពន្យារពេលផ្តល់សិទ្ធិជ្រកកោននយោបាយនេះហើយ បានបណ្តាលឲ្យខ្មែរក្រោមរងការធ្វើទុក្ខបុកម្នេញពីសំណាក់មន្ត្រីពុករលួយថៃ និងការកេងប្រវ័ញ្ចកម្លាំងពលកម្មពីសំណាក់ថៅកែថៃ។ វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបពីសំណាក់មន្រ្តី (UNHCR) ពាក់ព័ន្ធនឹងសំណើររបស់ខ្មែរក្រោមឲ្យពន្លឿនដំណើរការបញ្ជូនពួកគេឲ្យទៅរស់នៅប្រទេសទីបីបាននៅឡើយទេ កាលពីថ្ងៃទី៣ ខែមេសា។ បច្ចុប្បន្ន សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅអាមេរិក កំពុងធ្វើការតស៊ូមតិនឹង(UNHCR) និងប្រទេសមួយចំនួន ដើម្បីឱ្យរដ្ឋាភិបាលប្រទេសទាំងនោះទទួលយក ជនភៀសខ្លួនខ្មែរក្រោមទៅរស់នៅប្រទេសទីបី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Comments
Post a Comment