កូដករ​បុគ្គលិក​ណាហ្គាវើលដ៍​ច្រើន​នាក់​កំពុង មាន​សុខភាព​ទ្រុឌទ្រោម​ដោយសារ​រង​អំពើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ

 

កូដករ​បុគ្គលិក​ណាហ្គាវើលដ៍​ច្រើន​នាក់​កំពុង មាន​សុខភាព​ទ្រុឌទ្រោម​ដោយសារ​រង​អំពើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ


កូដ​ករ​បុគ្គលិក​ណាហ្គាវើលដ៍ (NAGAWorld) ជាច្រើន​នាក់​កំពុង​មាន​សុខភាព​ទ្រុឌទ្រោម​ដោយសារ​រង​អំពើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ ដែល​បង្ក្រាប​ពួកគាត់​មិន​ឱ្យ​ទាមទារ​រក​ដំណោះស្រាយ​នៅ​ក្បែរ​អគារ​ក្រុមហ៊ុន​ជាច្រើន​ថ្ងៃ​មក​នេះ​។ សង្គម​ស៊ីវិល​ស្នើ​ដល់​ក្រសួង​មាន​សមត្ថកិច្ច អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​លើ​អាជ្ញាធរ​ដែល​គ្មាន​ក្រមសីលធម៌​អនុវត្ត​តួនាទី​ផ្ទុយ​ពី​ច្បាប់។

កូដ​ករ​បុគ្គលិក​ណាហ្គាវើលដ៍ ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃទី​១៩ មីនា ថា​ពួកគាត់​ឈឺចាប់​ពេញ​រូបរាងកាយ អស់កម្លាំង និង​ប្រឈម​បញ្ហា​សុខភាព ក្រោយពី​អាជ្ញាធរ​ក្រុងភ្នំពេញ​បាន​ប្រើ​អំពើ​ហិង្សា​លើ​ពួកគាត់​ទាំង​កម្រោល​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។ ពួកគាត់​ថា កូដករ​ដែល​ភាគច្រើន​ជា​ស្ត្រី មាន​ស្នាម​ជាំ​របួស​លើ​ដងខ្លួន និង​កូដករ​ខ្លះទៀត​មាន​សភាព​ស្លេកស្លាំង​ដោយសារតែ​អាជ្ញាធរ​បង្ខាំង​ពួកគាត់​ក្នុង​រថយន្ត​ដោយ​បង្អត់​បាយទឹក​កាលពី​ថ្ងៃទី​១៨ មីនា។

កូដករ និង​ជា​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា វើលដ៍ កញ្ញា ផុន ករុណា ប្រាប់​ថា កញ្ញា​មាន​ស្នាម​ជាំ​របួស​ជាច្រើន និង​មាន​ការ​ឈឺចាប់​លើ​ដងខ្លួន ដោយសារ​កម្លាំង​អាជ្ញាធរ​រុញ​កញ្ញា​ខ្ទប់​នឹង​ទ្វារ​រថយន្ត​ជា​បន្តបន្ទាប់​។ កញ្ញា​បន្ត​ថា កូដករ​ដទៃទៀត​ដែល​ភាគច្រើន​ជា​ស្ត្រី​ក៏​កំពុង​ប្រឈម​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ផង​ដែរ​។ កញ្ញា​ចាត់ទុក​ការ​បង្ក្រាប​របស់​អាជ្ញាធរ​បែប​នេះ ថា​ជា​ទង្វើ​អាក្រក់​ឃោរឃៅ និង​បាន​រំលោភបំពាន​សិទ្ធិ​ជា​មូលដ្ឋាន​ក្រុម​កូដ​ករ​ទាំងស្រុង៖ «អាជ្ញាធរ​រុញ​បណ្ដើរ​បន្លំ​វាយ​យើង​បណ្ដើរ​។ ខ្ញុំ​នៅ​ឈឺ​នៅ​ឡើយ​ឈឺ​ឆ្អឹង​ខ្លាំង​។ បើ​បងស្រី​ម្សិលមិញ​ចង់​សន្លប់​ដោយសារ​អាជ្ញាធរ​រុញ​ខ្ទប់​គ្នា»។

កាលពី​ថ្ងៃទី​១៨ មីនា កម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល​លោក​ហ៊ុន សែន រាប់រយ​នាក់ និង​ជន​ស្លៀកពាក់​ស៊ីវិល​គ្មាន​អត្តសញ្ញាណ​ច្បាស់លាស់ បាន​ប្រើ​អំពើ​ហិង្សា​វាយ​ធ្វើបាប​ក្រុម​កូដករ​បោក​ខ្ទប់​នឹង​រថយន្ត និង​ដឹក​ក្រុម​កូដករ​ជាង​២​រយ​នាក់ (២១៩) ដោយ​បង្ខំ​ឱ្យ​ពួកគាត់​ធ្វើ​កូដកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ។

ក្រុម​កូដករ​ឱ្យ​ដឹង​ថា អាជ្ញាធរ​បាន​បង្ខាំង​ពួកគាត់​នៅ​ក្នុង​រថយន្តក្រុង​នៅ​កណ្តាល​ទីលាន​ប្រជាធិបតេយ្យ​ពេញ​មួយ​យប់​ដោយ​បង្អត់​បាយ​ទឹក និង​គ្មាន​បន្ទប់ទឹក​ប្រើ​ឡើយ​។ អាជ្ញាធរ​បាន​ដោះលែង​ក្រុម​កូដករ​ជាង​២​រយ​នាក់​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មីនា ប៉ុន្តែ​អាជ្ញាធរ​ឱ្យ​ពួកគាត់​រក​មធ្យោបាយ​ធ្វើ​ដំណើរ​ដោយ​ខ្លួន​ឯង។

ឆ្លើយតប​បញ្ហា​នេះ អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខ​សីហា ច្រានចោល​ចំពោះ​ការ​ចោទប្រកាន់​ថា អាជ្ញាធរ​បាន​ប្រើ​អំពើ​ហិង្សា​លើ​ក្រុម​កូដករ។ លោក​អះអាង​ថា អាជ្ញាធរ​មិន​បាន​បង្កើត​រូបភាព​ហិង្សា​ណាមួយ​ទៅលើ​ក្រុម​កូដករ​ឡើយ ផ្ទុយទៅវិញ​លោក​អះអាង​ថា​ក្រុម​កូដករ​ជា​អ្នក​បង្ក​បញ្ហា និង​រុញច្រាន​ក្រុម​សមត្ថកិច្ច។

ចំណែកឯ​ការ​ដឹក​ទម្លាក់​ក្រុម​កូដករ​នៅ​កន្លែង​មណ្ឌល​ចត្តាឡីស័ក និង​ទីលាន​ប្រជាធិបតេយ្យ​នោះ​វិញ លោក សាន សុខសីហា បកស្រាយ​ថា​អាជ្ញាធរ​ក្រុងភ្នំពេញ​បាន​តម្រូវ​ឱ្យ​រក​មធ្យោបាយ​ធ្វើដំណើរ​ត្រឡប់​ទៅផ្ទះ​ដោយ​ខ្លួនឯង ព្រោះ​លោក​ថា ក្រុម​កូដករ​ទាំងនោះ​ជា​អ្នកធ្វើ​បាតុកម្ម​ខុស​ច្បាប់៖ «កន្លែង​ណា​ដែល​ថា​ប្រើ​អំពើ​ហិង្សា​លើ​ក្រុម​កូដករ​ខុសច្បាប់​។ សមត្ថកិច្ច​អនុវត្ត​ដោយមាន​ការ​អញ្ជើញ​គាត់​ឱ្យ​ឡើង​រថយន្ត​ដើម្បី​ធ្វើ​ចត្តាឡីស័ក​នៅ​ទីតាំង​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល។ តើ​សកម្មភាព​ណាមួយ​ដែល​អស់លោក​ថា​ប្រើ​អំពើ​ហិង្សា​មានន័យថា ក្រុម​ពួកគាត់​វិញ​ទេ​បង្កើត​រូបភាព​រុញច្រាន​ទៅ​លើ​សមត្ថកិច្ច​ដើម្បី​ឱ្យ​ទៅ​ជា​រូបភាព​មួយ​ផ្សេង»។

ទោះជា​យ៉ាងណា ក្រុម​កូដករ​ហួសចិត្ត​ចំពោះ​ការ​លើក​ឡើង​បែបនេះ ព្រោះ​រូបភាព​នៃ​អំពើ​ហិង្សា​ទាំងនោះ​ត្រូវ​បាន​ក្រុម​អ្នកសារព័ត៌មាន និង​កូដករ​ផ្សព្វផ្សាយ​ពេញ​បណ្ដាញ​សង្គម ហើយ​កូដករ​មួយចំនួន​មាន​ស្នាមរបួស​ជាំ​ពេញ​ខ្លួន​។ ពួកគាត់​យល់​ថា អាជ្ញាធរ​ពិតជា​អសមត្ថភាព​និង​គ្មាន​ភាព​អព្យាក្រឹត្យ​ជួយ​រក​ដំណោះស្រាយ​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​យុត្តិធម៌​នោះ​ឡើយ​។ ក្រុម​កូដករ​រិះគន់​អាជ្ញាធរ​ថា កាន់តែ​លម្អៀង​ព្យាយាម​កាង​អំណាច​ឱ្យ​ក្រុមហ៊ុន និង​បន្ត​លាប​ពណ៌​ក្រុម​កូដករ​ដើម្បី​ជា​លេស​ប្រើ​អំពើ​ហិង្សា​លើ​ក្រុម​កូដករ​ដែល​គ្រាន់តែ​ប្រើ​សិទ្ធ​ទាមទារ​ឆ្នាំងបាយ​របស់​ពួកគាត់។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ការប្រើ​អំពើ​ហិង្សា​លើ​ក្រុម​កូដករ​ក្នុង​រយៈពេល​ចុងក្រោយ​ជាប់ៗ​គ្នា​នេះ​ឆ្លុះ​បញ្ចាំ​កាន់តែ​ច្បាស់​ពី​ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ក្រុម​កូដករ​ទាំងស្រុង។ លោក​ជំរុញ​ដល់​ក្រសួង​ពាក់ព័ន្ធ​កោះហៅ​អាជ្ញាធរ​ថ្នាក់​ក្រោម​ដែល​អនុវត្ត​តួនាទី​ផ្ទុយ​ពី​ច្បាប់ មក​អប់រំ​កែប្រែ ឬ​មាន​ចំណាត់ការ​ណាមួយ​តាម​ផ្លូវ​ច្បាប់៖ «ប្រសិនជា​អំពើ​បែប​ហ្នឹង​កើតឡើង​ហើយ​ក្រុម​មន្ត្រី​ថ្នាក់លើ​របស់​ខ្លួន ការពារ​ទាំង​ផ្ទុយ​ពី​ការពិត​បែប​នេះ ផល​ប៉ះពាល់​ជះ​ទៅលើ​មន្ត្រី​ដែល​ជា​មេ​ខ្លួន​ហ្នឹង ហើយ​ចេះតែ​លើកទឹកចិត្ត​ឱ្យ​កើត​មាន​ឡើង​បន្ត​ទៀត» ។

បើ​ទោះ​បី​ជា​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​គ្រប់​រូបភាព​ពី​សំណាក់​អាជ្ញាធរ​ក្ដី ក្រុម​កូដករ​នៅតែ​ប្រកាន់​ជំហរ​យ៉ាង​មុតមាំ​ថា​ពួកគាត់​នឹង​នៅ​តែ​តស៊ូ​ចេញ​ធ្វើ​កូដកម្ម​ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ទម្លាក់​បទ​ចោទ​លើ​ថ្នាក់​ដឹកនាំ​សហជីព ដោះស្រាយ​វិវាទ​ការងារ​នេះ​ដោយ​ត្រឹមត្រូវ និង​ទាមទារ​ឱ្យ​ថៅកែ​បន​ល្បែង​ណាហ្គាវើលដ៍​គោរព​សិទ្ធ​សហជីព​ក្នុង​កន្លែងធ្វើការ​ស្របតាម​ច្បាប់​ស្ដីពី​ការងារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Comments