ក្រុមឧក្រិដ្ឋជនជនជាតិចិននៅតែបន្តធ្វើសកម្មភាពចាប់បង្ខាំងមនុស្សជម្រិតទារប្រាក់ប្រើប្រាស់អាវុធបាញ់សម្លាញ់ជនរងគ្រោះកប់ចូលក្នុងដីឥតខ្លាចរអារ។ សង្គមស៊ីវិលលើកឡើងថា ទង្វើព្រៃផ្សៃបែប នេះមកពីរដ្ឋាបាលអនុវត្តច្បាប់ធូររលុងគ្រប់គ្រងជនអន្តោប្រវេសន៍គ្មានប្រសិទ្ធភាព បណ្តោយឱ្យក្រុមឧក្រិដ្ឋជនប្រើប្រាស់ទឹកដីខ្មែរធ្វើជាកន្លែងប្រព្រឹត្តបទល្មើសយ៉ាងអនាធិបតេយ្យ។
សកម្មភាពចាប់ជម្រិត លំហូរគ្រឿងញៀន រូបភាពកាប់សម្លាប់បាញ់ប្រហារមនុស្ស បង្កឡើងដោយក្រុមឧក្រិដ្ឋជនជនជាតិចិន នៅតែបន្តកើតមានឡើងឥតស្រាកស្រាន្តនៅលើទឹកដីកម្ពុជា។ ថ្មីៗនេះ សមត្ថកិច្ចខេត្តព្រះសីហនុបង្ក្រាបបានក្រុមឧក្រិដ្ឋជនមួយក្រុមដែលប្រព្រឹត្តបទឧក្រិដ្ឋចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ ករណីឃាតកម្មគិតទុកជាមុន និងករណីដឹកជញ្ជូនអាវុធចូលកម្ពុជាដោយគ្មានការអនុញ្ញាត។
គេហទំព័រស្នងការនគរបាលជាតិឱ្យដឹងនៅថ្ងៃទី១ កុម្ភៈថា សមត្ថកិច្ចខេត្តព្រះសីហនុបង្ក្រាបបានក្រុមឧក្រិដ្ឋជន១៤នាក់ ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន ដោយបានសម្លាប់ជនរងគ្រោះ២នាក់និងបានកប់លុបសាកសពបំបាត់ភស្តុតាងនៅទីតាំងចំនួនពីរផ្សេងគ្នា។ ក្រោយពីកម្លាំងជំនាញចុះស៊ើបអង្កេតស្រាវជ្រាវសមត្ថកិច្ចអះអាងថា ជនរងគ្រោះដែលបានស្លាប់នោះត្រូវបានបង្ខាំងខ្លួនធ្វើទារុណកម្មដើម្បីជម្រិតទារប្រាក់ក្នុងអគារក្រុមហ៊ុន ស៊ីងហឺឆឹង ក្នុងខេត្តព្រះសីហនុ។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងសុំការបញ្ជាក់បន្ថែមជុំវិញរឿងនេះពីស្នងការខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ប៉ុន្តែពេលទូរស័ព្ទហៅចូលលោកបានចុចផ្ដាច់ទៅវិញ។ ចំណែកឯ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ក៍វិទ្យុអាស៊ីសេរីមិនអាចទាក់ទងបានដែរ នៅថ្ងៃទី៣ កុម្ភៈ។
ទោះជាយ៉ាងណា កម្លាំងស្នងការនគរបាលជាតិ អះអាងថា ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានកសាងសំណុំរឿងនេះ បញ្ជូនជនសង្ស័យទាំងនោះយកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់រួចរាល់ហើយ។ ក្នុងការចុះបង្ក្រាបនោះសមត្ថកិច្ចក៏រឹបអូសបានកាំភ្លើងវែងម៉ាក AK ០១ដើម បង់កាំភ្លើងចំនួន០២ គ្រាប់កាំភ្លើង AK ចំនួន ៣៧គ្រាប់ កាំភ្លើងខ្លីថ្មីស្រឡាង០២ដើម ខ្នោះដៃ០៤គូរ ពិលឆក់០៣គ្រឿង ដំបងដែក០២ដើម និងរថយន្តចំនួន០៣គ្រឿង។
កាលពីដើមខែតុលា ឆ្នាំ២០២១កន្លងទៅ អាជ្ញាធរបានឃាត់ខ្លួនឧក្រិដ្ឋជនចាប់ជំរិតជនជាតិចិនជាច្រើននាក់ និងបានដកហូតអាវុធវែង ខ្លី ចំនួន ៧ ដើមរួមមានកាំភ្លើងម៉ាកអាកា ៤៧ (AK 47) មួយដើម កាំភ្លើងវែងម៉ាក អឹម ហ្វ័រ (M4) មួយដើម កាំភ្លើងខ្លីម៉ាកកា ៥៤ (K54) ពីរដើម កាំភ្លើងខ្លីម៉ាកកា ៥៩ (K59) មួយដើម កាំភ្លើងខ្លីម៉ាកសេអេហ្វ ៩៨ (CF98) មួយដើម និងកាំភ្លើងខ្លីម៉ាករ៉ូឡូមួយដើម ព្រមទាំងគ្រាប់កាំភ្លើងជាច្រើនគ្រាប់។
ជុំវិញករណីក្រុមឧក្រិដ្ឋជនដែលមានអាវុធកាន់កាប់ពេញៗដៃនេះ វិទ្យុអាស៊ីសេរីក៏បានទាក់ទងសុំការបកស្រាយពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងអគ្គនាយកអន្តោប្រវេសន៍ លោក គៀត ច័ន្ទថារិទ្ធិ ប៉ុន្តែទូរស័ព្ទហៅចូលជាច្រើនដងគ្មានអ្នកទទួល។
មន្ត្រីសង្គមស៊ីវិល នៅតែបន្តទាមទារជំរុញដល់អាជ្ញាធរថ្នាក់ជាតិ និងក្រសួងពាក់ព័ន្ធបើកការស៊ើបអង្កេតប្រកបដោយតម្លាភាព រកមុខមេខ្លោងក្រុមឧក្រិដ្ឋជន មន្ត្រីគ្រាក់ៗ ដែលបានឃុបឃិតជាមួយឧក្រិដ្ឋជនគ្រឿងញៀននាំចូលមកកម្ពុជា និងអ្នកដែលបានលក់កាំភ្លើងទៅឱ្យជនជាតិចិន ព្រោះជនល្មើសភាគច្រើនសុទ្ធសឹងតែក្រុមចាប់ជម្រិតប្រដាប់ដោយអាវុធវែងខ្លី។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP Center) លោក យង់ គិមអេង មានប្រសាសន៍ថា សកម្មភាពចាប់ជម្រិត សម្លាប់មនុស្ស ក្នុងសង្គមកម្ពុជាសព្វថ្ងៃនេះ ឆ្លុះបញ្ចាំងឱ្យឃើញថា ឧក្រិដ្ឋជន កាន់តែហ៊ានធ្វើសកម្មភាពឃោរឃៅ ដែលបានជះឥទ្ធិពលដ៏អាក្រក់ដល់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។ លោកបន្តថា លំហូរគ្រឿងញៀន ករណីចាប់ជម្រិតជាបន្តបន្ទាប់មកនេះ ដោយសារតែអាជ្ញាធរអនុវត្តច្បាប់ធូររលុង ឃុបឃិតប្រព័ន្ធអំពើពុករលួយជាប្រព័ន្ធ ទើបធ្វើឱ្យក្រុមឧក្រិដ្ឋជនហ៊ានធ្វើសកម្មភាពគ្រប់បែបយ៉ាងនៅលើទឹកដីខ្មែរ៖ «ការប្រើប្រាស់អាវុធបាញ់បោះនេះជាកង្វល់របស់ប្រជាពលរដ្ឋ ហើយមានឥទ្ធិពលដ៏អាក្រក់សម្រាប់សង្គមខ្មែរដែរក្នុងការប្រព្រឹត្តអំពើព្រៃផ្សៃក្នុងខេត្តព្រះសីហនុ»។
ឆ្លើយតបបញ្ហានេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ទទួលស្គាល់ថា ករណីចាប់ជម្រិតនេះបានក្លាយជាវប្បធម៌មួយសម្រាប់ឧក្រិដ្ឋជនក្នុងការជម្រិតទារប្រាក់ជនបរទេសនៅប្រទេសកម្ពុជា៖ «ការជម្រិតហ្នឹងជាវប្បធម៌មួយសម្រាប់បរទេសហើយមកជាមួយភ្ញៀវបរទេស។ យើងព្រួយបារម្ភដែល តែមានវិធានការតឹងតែងរបស់សមត្ថកិច្ចក្នុងបំបែកករណីចាប់ជនល្មើសបញ្ជូនចេញទៅក្រៅ ឬដាក់ពន្ធនាគារក្នុងប្រទេសកម្ពុជា»។
កន្លងទៅ ក្រុមឧក្រិដ្ឋជនជនជាតិចាប់ជម្រិតឆបោកទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត និងបង្ខាំងជនជាតិថៃរាប់ពាន់នាក់ឱ្យធ្វើការងារក្នុងបនល្បែងកាស៊ីណូខុសច្បាប់ក្រុងប៉ោយប៉ែត។ កាលពីថ្ងៃទី៦ ខែមករា ពលករថៃចំនួន៥០២នាក់ បានចាញ់បោក និងបង្ខំឱ្យធ្វើការខុសច្បាប់ នៅតាមព្រំដែនកម្ពុជាថៃ ក្នុងខេត្តពោធិ៍សាត់ កោះកុង ខេត្តព្រះសីហនុ និងក្រុងប៉ោយប៉ែត។ ពួកគេត្រូវបានជួយសង្គ្រោះដោយមានការអន្តរាគមន៍ពីសមត្ថកិច្ចកម្ពុជា ហើយក្រុមឧក្រិដ្ឋជនបានយល់ព្រមដោះលែងពលករថៃទាំងនោះ នៅខាងក្រៅភោជនីយដ្ឋាន និងសណ្ឋាគារដែលពួកគេបង្ខាំងឱ្យធ្វើការខុសច្បាប់។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលសមាគមអាដហុដ (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជ្រៀប សុធារី មានប្រសាសន៍ករណីចាប់ជម្រិតបញ្ហាគ្រឿងញៀន និងការបង្កអសន្តិសុខបង្កឡើងដោយក្រុមប្រដាប់ជនជាតិចិន បានក្លាយជាក្តីកង្វល់ដ៏ធំមួយសម្រាប់ប្រជាពលរដ្ឋទូទៅក្នុងខេត្តព្រះសីហនុរស់នៅទាំងភាពភ័យខ្លាច។ អ្នកស្រីបារម្ភថា នៅពេលអាជ្ញាធរអនុវត្តច្បាប់គ្មានប្រសិទ្ធិ ឃុបឃិតគ្នាជាប្រព័ន្ធ នឹងធ្វើឱ្យក្រុមឧក្រិដ្ឋជនមិនរាងចាលនៅតែបន្តបទឧក្រិដ្ឋនៅកម្ពុជាតាមទំនើងចិត្ត៖ «ប៉ុន្តែវិធានការនៃការអនុវត្តហ្នឹងបានតឹងរ៉ឹងអត់ មានការឃុបឃិតគ្នាជាប្រព័ន្ធដែរអត់? ព្រោះយើងអត់ចង់ឱ្យមានករណីលើកលែង ឬការដោះស្រាយគ្នាក្រៅប្រព័ន្ធតុលាការជារបៀបសូកប៉ាន់អីទេ។ រាល់ថ្ងៃយើងដឹងហើយការចាប់ខ្លួនជនប្រព្រឹត្តបទល្មើសហើយបញ្ជូនទៅតុលាការ។ ប៉ុន្តែយើងមិនដឹងថា វិធានការក្នុងការសម្រេចការផ្ដន្ទាទោសប៉ុន្មានឆ្នាំៗ តើវាមានតុល្យភាពជាមួយនឹងអំពើល្មើសអត់?»។
មន្ត្រីសង្គមស៊ីវិលព្រួយបារម្ភថា ប្រសិនបើអាជ្ញាធរកម្ពុជាអនុវត្តច្បាប់ធូររលុងដូចសព្វថ្ងៃនេះ បណ្តោយឱ្យក្រុមឧក្រិដ្ឋជនចិនធ្វើសកម្មកាន់តែឃោរឃៅ នោះកម្ពុជានឹងឈ្មោះកាន់តែអាក្រក់ធ្វើឱ្យភ្ញៀវអន្តរជាតិខ្លាចរអាមិនហ៊ានមកទស្សនានៅប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក ហ៊ុន សែន ប្ដេជ្ញាធ្វើសង្គ្រាមការពារសមិទ្ធផល ៧ មករា
- មន្ត្រីសង្គមស៊ីវិល ជំរុញអាជ្ញាធរឱ្យស៊ើបអង្កេតមន្ត្រីឃុបឃិតជាមួយក្រុមឧក្រិដ្ឋជនគ្រឿងញៀនចូលមកកម្ពុជា
- ស្ថាប័នស្រាវជ្រាវយុទ្ធសាស្ត្រអាមេរិកថា ការបូមខ្សាច់ស្ដារជម្រៅទឹកនៅមូលដ្ឋានទ័ពរាម បម្រើប្រយោជន៍កម្ពុជា-ចិន
- សាលាឧទ្ធរណ៍ត្បូងឃ្មុំបើកសវនាការលើជនជាតិភាគតិច កួយ៥នាក់ប្តឹងជំទាស់ក្រុមហ៊ុនស្ករអំពៅចិនហេងហ្វូ
- ពលរដ្ឋនិងសង្គមស៊ីវិលរិះគន់អាជ្ញាធរអនុត្តច្បាប់គ្មានប្រសិទ្ធភាពក្នុងករណីជនជាតិចិនយកដីខ្មែរធ្វើជាកន្លែងចាប់ជម្រិត
- «កម្ពុជាកំពុងធ្វើតេស្តអាស៊ានម្តងទៀត ជុំវិញជំហរទទួលស្គាល់របបរដ្ឋប្រហារនៅភូមា»
- អ្នកវិភាគថា ការគាំទ្ររបស់ចិនក្នុងទំនាក់ទំនងការទូតកម្ពុជាជាមួយរបបសឹកមីយ៉ាន់ម៉ាមិនមែនជារឿងល្អទេ
- អ្នកភូមិក្បាលរមាសខេត្តស្ទឹងត្រែង បារម្ភបាត់ព្រៃសហគមន៍ ក្រោយពីក្រុមហ៊ុនចិនដំឡើងដេប៉ូអារឈើខ្នាតធំនៅតំបន់នោះ
- ក្រុមហ៊ុនរ៉ែមាសចំនួន៣ នៅខេត្តព្រះវិហារបន្តពង្រីកអាជីវកម្មរ៉ែមាស ប៉ះពាល់ដីស្រែពលរដ្ឋ ២០គ្រួសារទៀត
- អាជ្ញាធរកម្ពុជាចាប់ខ្លួនជនជាតិចិន ៩នាក់ ពាក់ព័ន្ធជួញដូរគ្រឿងញៀនឆ្លងដែន
Comments
Post a Comment